THE NEXT - យុវជនមានឆន្ទៈនិងក្តីស្រលាញ់ចំពោះកាមេរ៉ា៣នាក់ចាប់ដៃគ្នាដើរលើផ្លូវនៃក្តីស្រមៃរបស់ខ្លួន
យុវជន៣នាក់មកពីខេត្តបាត់ដំបងបានចាប់ដៃគ្នាដើរក្នុងវិថី ជាអ្នកថតរូប និងអភិវឌ្ឍន៏ក្នុងវិស័យនេះដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេក្លាយជាអ្នកជំនាញផ្នែក Photography។ ដោយមានសមាជិក៣នាក់ ទី១គឺ ប្អូនប្រុស ទេព ធាវី ទី២ប្អូនប្រុស វិទូ និងទី៣ ប្អូនប្រុស តារា ប្អូនទាំងបី បានសម្រេចចិត្តចូលរួមចាប់ផ្តើមបញ្ចេញស្នាដៃនិងទេព្យកោសល្យដែលខ្លួនស្រលាញ់ និងដឹកនាំផ្នែកប្រព័ន្ធផ្សព្វផ្សាយ(Media Team) ក្នុងព្រឹត្តិការណ៏អ្នកបន្ទាប់ THE NEXT (Inspiration Forum)លើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៧នេះ។
ទោះនៅភាពវ័យក្មេង បទពិសោធន៏ខ្ចីក៏ដោយក៏ពួកគេទាំងបី ប្តេជ្ញា អភិវឌ្ឍសមត្ថភាព ទេពកោសល្យ ព្រោះវាជាអ្វីដែលពួកគេស្រលាញ់តាំងពីក្មេងមកម្លេះ។ "ជំនាញកើតពីការអភិវឌ្ឍខ្លួន ការដោះស្រាយបញ្ហា ការស្រាវជ្រាវអ្វីដែលថ្មីទេបង បើគិតពីអាយុមិនមែនជាបញ្ហារបស់ពួកយើងទេ សំខាន់យើងស្រលាញ់វា ហើយធ្វើវាចេញពីក្តីស្រលាញ់" ធាវីដែលជាប្រធានក្រុមបានប្រាប់។ ចំណែកឯទូបានបន្ថែម ពីលើនេះថា " ទោះយើងនៅក្មេងក៏ដោយ អោយតែខំប្រឹងទៅគង់តែបានសម្រេចទេបង។ មួយរយៈចុងក្រោយនេះ ពួកយើងបានខំប្រឹងស្រាវជ្រាវ និងអភិវឌ្ឍខ្លួន ហើយអរគុណកម្មវិធីនេះដែរ ដែលបានផ្តល់ឱកាសអោយពួកយើង"។ រីឯ តារាដែលជាសមាជិកវ័យក្មេងជាងគេក្នុងក្រុមបានប្រាប់ថា " ទោះខ្ញុំក្មេងជាងគេ ក៏ដោយ ខ្ញុំគិតថាខ្ញុំអាចធ្វើបានល្អ និងជឿជាក់លើក្រុមការងារ និងខ្លួនឯង" ។
គួររំលឹកផងដែរថាព្រឹត្តិការណ៏អ្នកបន្ទាប់ THE NEXT គឺជាព្រឹត្តិការណ៏ជំរុញលើកទឹកចិត្តដល់យុវជនវ័យក្មេង បណ្តុះក្តីសង្ឃឹម និងបង្កើតក្តីស្រមៃ និងដើរតាមអ្វីដែលខ្លួនស្រលាញ់ ប្រកបដោយឆន្ទៈ និងធ្វើអោយមានសកម្មភាពវិជ្ជមានក្នុងសហគមន៏។ ព្រឹត្តិការណ៏បានធ្វើឡើងលើកទី១នៅឆ្នាំ២០១៦ដោយមានការសហការណ៍របស់សាកលវិទ្យាល័យបាត់ដំបង ហាង នំ ដឹខេក ស្ថាប័នអាជីវកម្មក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតផងដែរ។
ក្នុងឆ្នាំ២០១៧ ព្រឹត្តិការណ៏នេះនឹងធ្វើឡើងជាលើកទី២ នៅចុងឆ្នាំនេះ ដែលគ្រោងនឹងធ្វើនៅរាជធានីភ្នំពេញនិងក្រុងបាត់ដំបង។
អត្ថបទដោយ់៖
សមាជិកអ្នកនាំសារសន្តិភាពកម្ពុជា (ស៊ូសិទ្ធិ សត្យា)