ព្រឹត្តិការណ៍ THE NEXT នឹងមកដល់ភ្នំពេញនៅតុលានេះហើយ
ព្រឹត្តិការណ៍អ្នកបន្ទាប់ ឬ The NEXT Inspiration Forum នឹងរៀបចំនៅរាជធានីភ្នំពេញនៅដើមខែតុលានេះ នេះបើតាមការឱ្យដឹងពីលោក ងីម សុឃានហ៊ សហស្ថាបនិក នៃព្រឹត្តិការណ៍ជំរុញលើកទឹកចិត្តមួយនេះ។ លោកបានបន្តទៀតថា " ការរៀបចំព្រឹត្តិការណ៍នេះនឹងធំជាងមុនពោលគឺមានកម្មវិធីច្រើនជាងឆ្នាំមុន ព្រមទាំងរៀបចំរចនា កម្មវិធីប្លែកជាងឆ្នាំមុន ក្នុងគោលបំណងអភិវឌ្ឍព្រឹត្តិការណ៍នេះ ម្តងបន្តិចៗ " ។
បន្ថែមលើសពីនេះទៅទៀតលោក កៅ ស៊ិនឆុង សហស្ថាបនិកមួយរូបទៀត បានបន្ថែមថា " ក្រុមការងារនឹងផ្តល់ឱកាសឱ្យយុវជន ក៍ដូចជាសិស្សនិស្សិត បានចូលរួមក្នុងការរៀបចំ និងជាផ្នែកណាមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើងដូចនេះប្រសិនបើសិស្ស និស្សិតឬយុវជន ដែលមានចំណាប់អារម្មណ៍ និងចង់រៀនសូត្រពីការរៀបចំព្រឹត្តិកាណ៍នេះគួរត្រៀមខ្លួន និងតាមដានការផ្សព្វផ្សាយពត៌មានថ្មីៗរបស់ពួកយើងតាមរយៈបណ្តាញសង្គម និងគេហទំព័ររបស់ THE NEXT" ។ លោកបានបន្តថា " ក្រុមការងារយើងកំពុងតែរៀបចំដំណើរការគម្រោងយ៉ាងមមារញឹក ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ដើមខែតុលានេះ"។
លោក ហួន ទីណារ័ត្ន ប្រធានផ្នែកទំនាក់ទំនងក្នុងព្រឹត្តិការណ៍នេះ ឱ្យដឹងដែរថា "អ្នកចូលរួមនឹងទទួលបាន អ្វីដែលប្លែកពីការរចនា និងកម្មវិធីដែលនឹងរៀបចំ ព្រមទាំង ជំរុញនូវក្តីសង្ឃឹមរបស់ខ្លួន បណ្តុះកូនចិត្តចង់ក្លាយទៅជាអ្វីមួយក្នុងក្តីស្រមៃ អនាគតរបស់ពួកគេផងដែរ" លោកបន្តថា " យើងក៏កំពុងរៀបចំឯកសារនិងបែបបទដើម្បី ស្វែងរកការគាំទ្រ និងឩបត្តម្ភ ផងដែរ" "យើងរំពឹងថា ព្រឹត្តិការណ៍នេះនឹងក្លាយជាផ្នែកមួយក្នុងការជំរុញ បំផុស ក្តីស្រមៃ ក្តីសង្ឃឹម និងការខិតខំប្រឹងប្រែងដើម្បីក្លាយខ្លួនជាបុគ្គលដែលមានសក្តានុពល សម្រាប់កូនខ្មែរ សម្រាប់គ្រួសាររបស់ពួកគាត់ និងសម្រាប់សង្គមជាតិផងដែរ"។
គួររំលឹងផងដែរថាព្រឹត្តិការណ៍ THE NEXT Inspiration Forum បានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៦ ដោយក្រុមយុវជនមួយក្រុម មកពីខេត្តបាត់ដំបង ក្នុងគោលបំណងជំរុញ លើកទឹកចិត្ត បណ្តុះក្តីសង្ឃឹម និងក្តីស្រមៃ ដើម្បីឱ្យក្លាយជាធនធានមនុស្សដែលមានសក្តានុពល យ៉ាងពិតប្រាកដ ក្នុងសង្គមជាតិ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើង២ដងរួចមកហើយ ពោលគឺលើកទីមួយ កាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ២០១៦ នៅសាលធំ សាកលវិទ្យាល័័យបាត់ដំបង ដែលមានការចូលរួមប្រមាណ៥៥០នាក់ និងលើកទី២ ខ្នាតតូច កាលពីថ្ងៃទី២៨ ខែ ឩសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ សាខាបាត់ដំបងដែលមានអ្នកចូលរួមប្រមាណ៦០នាក់។